The Ministry of Public Works and Transport


Employer Type: NGO/INGO
Industry: Non-profit
No Employees: N/A
Website:-
Address:-
Profile Summary
  • Who we are

    ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវបានបង្កើតឡើងក្រោមច្បាប់ស្ដីពីការបង្កើតដោយព្រះរាជក្រម លេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និង ដឹកជញ្ជូន។

    ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានឡាយព្រះហស្ថលេខាឱ្យប្រើប្រាស់ជាផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។

    ក្រោយពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូនអស់រយៈពេល២២ឆ្នាំកន្លងមក វិស័យសាធារណការ និងដឹកជញ្ជូនបានប្រែមុខមាត់គួរឱ្យកត់សម្គាល់ ពោលគឺបានប្រែក្លាយពីប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន់ថយ ទៅជាប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប ងាយស្រួល និងជាប់បានយូរ។ កត្តានេះជំរុញឱ្យមានការបង្កើន ពន្លឿន និងពង្រីកការដឹកជញ្ជូនផលិតផលនានារបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសបានដោយសុវត្ថិភាព ទាន់ពេលវេលា និងចំណាយតិច។ ជាក់ស្ដែង បច្ចុប្បន្ននេះ វិស័យសាធារណការមានការអភិវឌ្ឍ និងធ្វើទំនើបកម្មជាបន្តបន្ទាប់រួមមាន៖ ស្ពានធំ ចំនួន ១៦ ប្រវែងសរុប ១៣,៨០៥ គ.ម ផ្លូវល្បឿនលឿន ១ខ្សែ ប្រវែង ១៨៧គ.ម ផ្លូវដែក២ខ្សែ មាន៨២ស្ថានីយ ប្រវែងសរុប ៦៥២គ.ម ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត មាន៤៩ស្ថានីយ ប្រវែង៣៨៦គ.ម ផ្លូវដែកភ្នំពេញ-ក្រុងព្រះសីហនុ មាន២៩ស្ថានីយ ប្រវែង២៦៦គ.ម ផ្លូវជាតិ-ខេត្ត៨៥០ខ្សែ ប្រវែងសរុប ២០ ០១៦គ.ម ផ្លូវបេតុង ប្រវែង ៣៥៤,៦១ គ.ម ផ្លូវកៅស៊ូ AC ប្រវែង ២ ៣៩៥,៧៥គ.ម ផ្លូវកៅស៊ូ DBST ប្រវែង ៨ ៥៣៤,៥៨គ.ម ផ្លូវដីល្បាយថ្ម ប្រវែង ៨ ៧៣០,៩១ គ.ម គិតត្រឹមចុងឆ្នាំ ២០២៣។

    ចំណែកវិស័យដឹកជញ្ជូនវិញ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគ្រប់គ្រង ដោះស្រាយ និងសម្រួលប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង ដូចជា៖ ការចុះបញ្ជីយានយន្ត ការផ្តល់បណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សំដៅធានាឱ្យមានសុវត្ថិភាពខ្ពស់ ក្នុងការធ្វើចរាចរណ៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លើសពីនេះក្រសួង បានបន្តពង្រីកមណ្ឌលផ្តល់សេវាសាធារណៈបន្ថែម នៅតាមបណ្តាផ្សារទំនើបនិងតាមបណ្តារាជធានី-ខេត្ត ពង្រីកប្រភេទសេវាស្របតាមតម្រូវការប្រជាពលរដ្ឋ ពង្រីកមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តនិងជំរុញការអនុវត្តឆៀកចល័តនៅតាមរាជធានី-ខេត្ត សហការបង្កើតស្ថានីយ/មជ្ឈមណ្ឌលតភ្ជាប់ និងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ  សហការ គាំទ្រ និងជំរុញពង្រឹងបន្ថែមការធ្វើធានារ៉ាប់រងរថយន្តធ្វើអាជីវកម្មដឹកជញ្ជូន ពង្រឹងប្រព័ន្ធស្វ័យប្រវត្តិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយផ្នែកឯកជនតភ្ជាប់ និងចែករំលែកព័ត៌មានជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។


    លើសពីនេះទៀត បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ ក្នុងគោលបំណងលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះហើយក្រសួងបានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក រួមមាន៖ ការស្នើសុំចុះបញ្ជីយានយន្តតាមអនឡាញ ការដាក់ពាក្យប្រឡងយកបណ្ណបើកបរតាមអនឡាញ ការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមអនឡាញជាដើម។

    មិនត្រឹមតែប៉ុណ្ណោះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានគិតគូរពីផលលំបាករបស់ប្រជាពលរដ្ឋ ដោយបានបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ ដូចជា៖ ការធ្វើប្រតិភូកម្មមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅតាមផ្សារទំនើបជាដើម ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​គឺ ធ្វើបានឱ្យលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។


  • Vision & Mission

    ទស្សនៈវិស័យ

    ក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញមុខងារជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងបេសកកម្មដឹកនាំ គ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកក​ម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម។

    បេសកកម្ម

    ក្រសួងសាធារណការ និងដឹកជញ្ជូនមានមុខងារ​ និងភារកិច្ចដូចតទៅ៖

    • រៀបចំ អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយ​​ និងផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន
    • រៀបចំផែនការមេ បណ្តាញដឹកជញ្ជូន​​ តាមផ្លូវគោក​ ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ ឬតាមបណ្តាញផ្សេងៗទៀតដែលអនុញ្ញាតដោយរដ្ឋាភិបាល
    • គ្រប់គ្រង ត្រួតពិនិត្យ តាមដាន សិក្សាស្រាវជ្រាវគម្រោងប្លង់ និងវាយតម្លៃលើការងារសាងសង់ អភិវឌ្ឍ ជួសជុល និងថែទាំផ្លូវថ្នល់ ស្ពាន កំពង់ចម្លង ផ្លូវដែក ផ្លូវទន្លេ ផ្លូវសមុទ្រ កំពង់ផែ ភស្តុភារកម្ម និងការងារផ្សេងទៀត ដែលពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន
    • គ្រប់គ្រង​​​​ ត្រួតពិនិត្យ​ តាមដាន និងវាយតម្លៃលើការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក​ ផ្លូវទឹក ផ្លូវសមុទ្រ ផ្លូវដែក ភស្តុភារកម្ម និងការងារផ្សេងទៀតដែលពាក់ព័ន្ធនិងវិស័យសាធារណការ និងដឹកជញ្ជូន
    • គ្រប់គ្រង វាយតម្លៃ ទទួលស្គាល់ និងផ្តល់វិញ្ញាបនបត្រអនុញ្ញាតការធ្វើអាជីវកម្មសាងសង់សំណង់ទាំងឡាយដែលបម្រើដល់វិស័យសាធារណការ និងដឹកជញ្ជូន
    • រៀបចំកសាងសេចក្តីព្រាងច្បាប់ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងតាមដាន ត្រួតពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្តិទាំងអស់នោះសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា
    • រៀបចំ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ រួមទាំងចាត់វិធានការអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផ្លូវថ្នល់ ស្ពាន ឬហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងទៀត
    • សិក្សា ស្រាវជ្រាវ និងពិសោធន៍រូបធាតុសម្រាប់ការសាងសង់សំណង់ផ្លូវថ្នល់ ស្ពាន និងវាយតម្លៃទទួលស្គាល់គុណភាពសំណង់ផ្លូវថ្នល់ ស្ពាន រួមទាំងសំណង់សិល្បការ្យផ្លូវថ្នល់ ផ្លូវដែក និងផែ
    • រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយបទប្បញ្ញត្តិបច្ចេកទេស ឬស្តង់ដារបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ដើម្បីធានានូវគុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណការ សំណង់ផ្លូវដែក និងសំណង់កំពង់ផែ
    • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកនាំ និងចូលរួមរៀបចំ អនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហប្រត្តិបត្តិការអន្តជាតិ លើវិស័យសាធារណការ និងដឹកជញ្ជូន និងកិច្ចការធ្វើសមាហរណកម្មព្រះរាជាណាចក្រកម្ពុជាចូលក្នុងក្របខ័ណ្ឌអនុតំបន់ និងសកលលោក
    • ជំរុញ និងលើកទឹកចិត្តដល់ផ្នែកឯកជន ចូលរួមក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា
    • អភិវឌ្ឍធនធានមនុស្ស ដោយការលើកទឹកចិត្តដល់ការសិក្សា ស្រាវជ្រាវបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាថ្មីៗដល់ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន
    • ជាអាណាព្យាបាលបច្ចេកទេសលើសហគ្រាសសាធារណៈដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័ត ភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) មន្ទីរពិសោធន៍សំណង់ និងសាធារណការ និងអង្គភាពផ្សេងទៀតដែល ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន
    • ធ្វើអធិការកិច្ច និងសវនកម្មបច្ចេកទេស លើវិស័យសាធារណការ និងដឹកជញ្ជូន
    • ធ្វើអធិការកិច្ច និងសវនកម្មផ្ទៃក្នុងលើការគ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូន។