គន្លឹះ ក្នុងការជ្រើសរើសជំនាញរៀននៅសកលវិទ្យាល័យ ឲ្យបានត្រឹមត្រូវ

សិស្សានុសិស្សគ្រប់ជំនាន់ តែងតែជួបរឿងដូចៗគ្នា នោះគឺការពិបាកសម្រេចចិត្តជ្រើសរើសមុខជំនាញរៀន នៅសកលវិទ្យាល័យ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។​ និស្សិតជាច្រើន បានជ្រើសរើលមុខជំនាញសិក្សាខុស ដោយសារមិនបានពិចារណា ឬទទួលព័ត៌មានត្រឹមត្រូវ។ ជាលទ្ធផល ពួកគេបានបោះបង់សិក្សាព្រោះរៀនមិនចេះ អ្នកខ្លះទៀតក៏នៅបន្តទ្រាំរៀនព្រោះគិតថាមុខជំនាញនោះ នឹងអាចជួយពួកគេឲ្យរកលុយបានច្រើន ទោះបីជាពួកគេរៀនមិនពូកែ ឬមិនចូលចិត្តវាក៏ដោយ។​ ការជ្រើសរើសមុខជំនាញឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់ ព្រោះវាជាអនាគតរបស់យើង។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលអាចជួយអ្នកឲ្យសម្រេចចិត្តជ្រើសរើសមុខជំនាញរៀនឲ្យមានប្រសិទ្ធិភាព៖

1.   ទេព្យកោសល្យពីកំណើត

យើងម្នាក់ៗតែងមានទេព្យកោសល្យ ឬចំណុចខ្លាំងពីកំណើត ដូច្នេះហើយការជ្រើសរើសជំនាញរៀន ក៏ត្រូវផ្អែកលើអ្វីដែលយើងពូកែ និងចូលចិត្តធ្វើផងដែរ។ តាមបទពិសោធន៍របស់ខ្ញុំ (ម្ចាស់សំណេរ) ខ្ញុំជ្រើសរើសយកជំនាញ ឬឯកទេសដែលខ្ញុំចូលចិត្ត និងធ្វើវាបានល្អកាលរៀននៅវិទ្យាល័យ។ ឧទាហណ៍៖ ខ្ញុំចូលចិត្តមុខវិជ្ជាវិទ្យាសាស្ត្រសង្គមកាលនៅថ្នាក់វិទ្យាល័យ ដូច្នេះហើយខ្ញុំជ្រើសរើសយកជំនាញដែលទាក់ទងនឹងវិទ្យាសាស្រ្តសង្គម ទើបងាយស្រួលយល់ និងរៀនបានពូកែនៅសកលវិទ្យាល័យ។​ តោះអានគន្លឹះទី២ ទាំងអស់គ្នា។

 2.   ការជ្រើសរើសសកលវិទ្យាល័យ និងជំនាញសិក្សា

សកលវិទ្យាល័យទាំងអស់មិនដូចគ្នានោះទេ​ ក៏មិនមែនបានន័យថាសកលវិទ្យាល័យណាមួយមិនល្អដែរ តែនៅតាមសកលវិទ្យាល័យខ្លះ គេផ្តោតតែលើមុខជំនាញគោលធំៗរបស់គេច្រើនជាង។​ ឧទាហរណ៍ៈ បើអ្នកចង់សិក្សាជំនាញអក្សរសាស្រ្តអង់គ្លេស ឬចិន អ្នកគួរជ្រើសរើសសកលវិទ្យាល័យល្បីឈ្មោះ Institute of Foreign Languages ឬ IFL ហើយបើអ្នកចង់សិក្សាជំនាញគណនេយ្យ អ្នកអាចមានជម្រើសសកលវិទ្យាល័យច្រើន ដូចជាសាលា Vanda Institute ជាដើម។ សរុបមក អ្នកគួរជ្រើសរើសជំនាញសិក្សាដែលត្រូវនឹងទេព្យកោសល្យរបស់អ្នក ហើយជ្រើសរើសសកលវិទ្យាល័យណា ដែលមានជំនាញនោះជាជំនាញល្បីប្រចាំសកលវិទ្យាល័យរបស់គេ ដូចឧទាហរណ៍ដែលខ្ញុំបានរៀបរាប់ខាងលើ។

 3.   ទីផ្សារការងារ

ចំណុចនេះ យើងមិនអាចមើលរំលងបានទេ​ យើងត្រូវព្យាករណ៍ថាតើមុខជំនាញដែលយើងជ្រើសរើស នឹងមានទីផ្សារដែរឬទេនៅពេលដែលយើងរៀនចប់ក្នុងរយៈពេល៤ ឬ៥ឆ្នាំខាងមុខ។ ជាការពិតណាស់​ យើងមិនអាចទាយទុកមុនថានៅថ្ងៃខាងមុខ ទីផ្សារការងារនឹងមានការប្រែប្រួលយ៉ាងណានោះទេ តែបើយើងព្យាយាមតាមដាន និងអានព័ត៌មានដែលទាក់ទងនឹងការងារឲ្យបានច្រើន​ នោះយើងនឹងអាចដឹងថា ជំនាញរបស់យើងនឹងមានទីផ្សារល្អជាងពេលនេះ ឬយ៉ាងណា។

សរុបមក យើងគួរតែស្គាល់ពីចំណង់ចំណូលចិត្ត ឬទេព្យកោសល្យរបស់ខ្លួនឯងឲ្យបានច្បាស់​ មុននឹងសម្រេចចិត្តចាប់យកជំនាញណាមួយទៅរៀនបន្តនៅសកលវិទ្យាល័យ គួបផ្សំជាមួយការសិក្សាអំពីមុខវិជ្ជាសិក្សានៅតាមសកលវិទ្យាល័យល្បីៗនានាឲ្យបានច្បាស់លាស់ និងការតាមដានព័ត៌មានការងារជាប្រចាំផងដែរ។

គំនិតគួរពិចារណា:​​​ គ្រប់មុខជំនាញទាំងអស់ សុទ្ធតែល្អ និងមានប្រយោជន៍ មិនថារៀននៅសកលវិទ្យាល័យណានោះទេ​ តែអ្វីដែលសំខាន់នោះ គឺស្ថិតលើការខំប្រឹងប្រែងរៀនសូត្រ និងការតស៊ូព្យាយាមរបស់យើងម្នាក់ៗ។​ គ្មានអ្វីដែលបានមកដោយងាយនោះទេ ហើយក៏គ្មានអ្នកដទៃណាមកជួយយើងដែរ មានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបាន។​ ម្យ៉ាងវិញទៀត យើងត្រូវខិតខំរៀនចាប់តាំងពីដើមឆ្នាំ ព្រោះបើបណ្តែតបណ្តោយពេលវេលាឲ្យកន្លងហួស ទោះអ្នកស្រលាញ់មុខជំនាញអ្នកខ្លាំងយ៉ាងណា ក៏វាមិនអាចជួយអ្នកឲ្យបញ្ចប់វាដោយជោគជ័យបានដែរ។​


..............................

➤ Telegram ស្វែងរកការងារ: t.me/hrincjobs


* សម្រាប់ជំនួយផ្នែកស្វែងរកការងារ ដោយឥតគិតថ្លៃ សូមទំនាក់ទំនង៖

ទូរស័ព្ទ: 078 88 82 42 / 085 990 168 | អ៊ីម៉ែល: recruitment@hrinc.com.kh

* សម្រាប់ព័ត៌មាន អំពីសេវាជ្រើសរើសបុគ្គលិក និង Outsourcing សូមទំនាក់ទំនង៖

ទូរស័ព្ទៈ 078 888 242 | អ៊ីម៉ែលៈ hrinc@hrinc.asia | គេហទំព័រៈ www.hrinc.asia


✍️ ម្ចាស់សំណេរៈ ប៉ែន សៃយ៉ា

You might like

Steps for Sourcing and Hiring on www.hrincjobs.com

ការប្រើប្រាស់ AI នៅកន្លែងការងារដោយប្រុងប្រយ័ត្ន

គន្លឹះ ឆ្លើយសំណួរ សម្ភាសន៍ការងារ (៤សំណួរ-ចម្លើយ)

អ្វីទៅជា Burnout?

Oct 21, 2025

គន្លឹះសម្រាប់សិស្សទើបតែបញ្ចប់ថ្នាក់ទី១២ ...

Sep 10, 2025

តើ “Job Hopping” ជាអ្វី?

May 28, 2025

វិធីធ្វើឲ្យអ្នកលេចធ្លោ និងទទួលបានជោគជ័យព...

Mar 19, 2025

Premium Employers